សំណាង អាលីណា ត្រូវជ្រើសរើសជា Miss International 2023 ត្រៀមប្រកួតលើឆាកអន្តរជាតិ
រាជធានីភ្នំពេញ ៖ អតីត Miss Univers Cambodia ឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា ត្រូវបានជ្រើសរើសជាថ្មីម្តងទៀតសម្រាប់តំណែង «Miss International 2023» នេះ ដើម្បីចូលរួមការប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ។
យោងតាមការប្រកាសពីផេកហ្វេសប៊ុកផ្លូវការរបស់ «Miss International» បានឲ្យដឹងថា សំណាង អាលីណា អាយុ២២ឆ្នាំ ជានិស្សិតផ្នែកទំនាក់ទំនងអន្តរជាតិ-MBA តារាបង្ហាញម៉ូដ និងជាបវរកញ្ញាអន្តរជាតិកម្ពុជាឆ្នាំ២០២៣។ Alyna គឺជាអ្នកតស៊ូមតិគាំទ្រការអប់រំ។ នាងបានកំពុងផ្សព្វផ្សាយយ៉ាងសកម្មអំពីសារៈសំខាន់នៃការស្នាក់នៅក្នុងសាលារៀនក្នុងអំឡុងពេលគម្រោងសហគមន៍ផ្សេងៗរបស់នាងចាប់តាំងពីឆ្នាំ២០១៩ និងលើកទឹកចិត្តអ្នកសិក្សាវ័យក្មេងឱ្យខិតខំសិក្សា និងសម្រេចក្តីសុបិនរបស់ពួកគេ ដើម្បីបំបែកខ្សែសង្វាក់នៃភាពក្រីក្រ។
ហើយក្រោយគ្រងតំណែងខាងលើនេះ ស្រីស្អាត សំណាង អាលីណា បានបង្ហោះសារខ្លីមួយថា «ពី Miss Universe ទៅជា Miss International នៅទីនេះ ដើម្បីចាប់ឈោងក្តីស្រមៃរបស់ខ្ញុំ»។
យ៉ាងណាម៉ិញ ក្រោយពេលស្រីស្អាត សំណាង អាលីណា ត្រូវបានជ្រើសតាំងជា «Miss International» នាពេលនេះ គេបានឃើញបណ្តាអ្នកគាំទ្រច្រើនបានសម្តែងការអបអរ និងគាំទ្ររូបនាង ហើយចាត់ទុកនោះ គឺជាឱកាសថ្មីមួយទៀតសម្រាប់នាងក្នុងការប្រកួតលើឆាកអន្តរជាតិ ខណៈពេលដែលនាងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងវិស័យមួយនេះ ។
ជាការកត់សម្គាល់ ស្រីស្អាត សំណាង អាលីណា បានក្លាយជាម្ចាស់ជ័យលាភីកម្មវិធីប្រឡងសមត្ថភាព និងសម្រស់ដ៏របស់ធំ «Miss Cambodia 2019» ។ តាមរយៈការប្រកាសជ័យលាភីរបស់កម្មវិធីនេះ ស្រីស្អាត សំណាង អាលីណា បានក្លាយបេក្ខនារីតំណាងកម្ពុជា ឆ្ពោះទៅការប្រកួតបវរកញ្ញាចក្រវាល (Miss Univers) បន្តទៀត កាលពីឆ្នាំ២០១៩ ។
ជាពិសេសក្រោយជាប់ជ័យលាភី ស្រីស្អាត សំណាង អាលីណា ទទួលបានការងារសិល្បៈជាបន្តបន្ទាប់ ដោយនៅក្នុងនោះមានទាំងការថតស្ពតពាណិជកម្ម និងការសម្តែងនៅក្នុងខ្សែភាពយន្តភាគចាក់ផ្សាយតាមទូរទស្សន៍ផងដែរ ។
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ២០២៣ (Miss International 2023) លើកទី៦១ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ៕