ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានប្រារព្ធពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានមកពី ២៣ អង្គភាព
ភ្នំពេញ៖ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលនៃ សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព មានប្រារព្ធពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព។
ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ហ៊ុន មករា ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព ឯកឧត្តម ថាំង ប៊ុនសុង និងអស់លោកលោកស្រីដែលជាចាងហ្វាងការផ្សាយនិពន្ធនាយកនៃអង្គភាពព័ត៌មាន ២៣ ផ្សេងទៀត។
មានមតិក្នុងកម្មវិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ហែម ប្រសើរ ប្រធានសមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព បានមានប្រសាសន៍ថា គោលបំណងនៃការជួបជុំគ្នាថ្ងៃនេះ ផ្តោតលើ ពង្រាងនៃការចុះអនុសារណៈយោគយល់គ្នាពង្រឹងកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធភាពលើវិស័យព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយរវាងសមាគមនិងអង្គភាពសារព័ត៌មាននិមួយៗ។
គោលបំណងនៃការចងសម្ព័ន្ធភាពជាមួយគ្នាមានដូចតទៅ៖
១-ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យភាពរបស់ភាគីសម្ព័ន្ធភាពរៀងៗខ្លួន។
២-រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត លុបបំបាត់ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពនិងសន្តិសុខសង្គមឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ជឿនលឿន។
៣-ចូលរួមផ្សព្វផ្សាយវឌ្ឍនភាពនិងការអភិវឌ្ឍ សមិទ្ធផលផ្សេងៗហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។
៤-ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការផ្សព្វផ្សាយឲ្យបានផុសផុលលើវិស័យសេដ្ឋកិច្ច វិស័យសង្គមកិច្ច វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យគមនាគមន៍ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសវិនិយោគិនអន្តរជាតិ។
៥-គោរពអនុវត្តដោយស្មោះត្រង់និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាពនិងកិច្ចសហប្រតិបត្តិការជួយគាំទ្រគ្នាទៅវិញទៅមក។
៦-កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។ក្នុងករណីមានបញ្ហាចោទឡើងត្រូវចាត់តាំងតំណាងចូលរួមពិភាក្សាដោះស្រាយបញ្ហាដោយសន្តិវិធី។
៧-បើកទូលាយសម្រាប់អង្គភាពសារព័ត៌មានស្របច្បាប់ផ្សេងទៀត ដែលគាំទ្រនិងមានបំណងចូលរួមសហប្រតិបត្តិការក្នុងសម្ព័ន្ធភាព តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ។
នៅចុងបញ្ចប់នៅនៃកម្មវិធី អង្គពិធីទាំងមូលបាន សម្រេចយកខ្លឹមសារនៃអនុស្សារណៈចងសម្ព័ន្ធភាពគ្នាខាងលើ ដើម្បីពិភាក្សាផ្ទៃក្នុងអង្គភាពនីមួយៗ ឲ្យបានល្អិតល្អន់ មុននឹងឈានទៅសម្រេច នៃការចុះអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានកំណត់ធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
អង្គពិធីទាំងមូលក៏បានថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំង ចូលរួមពិសារអាហារសាមគ្គីរួមគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយក្រៃលែង៕