ចំរើន សុភ័ក្ដ្រ ដល់គូដោយពុំមានភាពស្និទស្នាល ធ្វើឲ្យស្ដ្រីម្នាក់ភ្លាត់មាត់និយាយដល់ស្នេហាតារាដទៃ
តារាចម្រៀងស្រី ចំរើន សុភ័ក្ដ្រ ទម្លាយថាខ្លួនមានគូជីវិតហើយ ហើយថែមទាំងបង្ហោះរូបថត និងពាក្យសម្ដីយ៉ាងចាក់ដោតថា៖”ពុំមានភាពស្និទ្ធស្នាល តែមានភាពច្បាស់លាស់…រង់ចាំថ្ងៃមួយមកដល់”។ មហាជន ជាពិសេសអ្នកគាំទ្រ មានការភ្ញាក់ផ្អើលចំពោះដំណឹងនេះ តាំងពីចុងសប្ដាហ៍មុន ក្រោយពេលដែលកញ្ញាទម្លាយដំណឹងនេះជាសាធារណៈ ហើយនៅថ្ងៃនេះមានអ្នកគាំទ្រលេងសម្ដីធ្ងន់តែម្ដង។
តាមរយៈសារបង្ហោះដោយគូស្នេហ៍ ចំរើន សុភ័ក្ដ្រ ឈ្មោះ ធន់ ចាន់មុន្នី ត្រូវបានអ្នកសិល្បៈចូលរួមអបអរសាទរ និងមានអ្នកគាំទ្រខ្លះនិយាយពីលក្ខណៈសម្បត្ដិរបស់តារាស្រី ចំរើន សុភ័ក្ដ្រ ក្នុងការសេបគប់ និងទំនាក់ទំនងស្នេហាក្រៅឆាក។ ក្នុងនោះមានស្ដ្រីម្នាក់ដែលជាអ្នកគាំទ្រ និយាយថា៖ “គាត់(ចំរើន សុភ័ក្ដ្រ) គាត់ធ្វើត្រូវហើយ កុំអាដែងមិនទាន់រៀបការផងយកគ្នាមុនហើយផុសជាសាធារណៈទៀត ទោះមានប៉ុណ្ណាក៏ថោកដែរ ហើយកុំនិយាយថាសម័យនេះហើយ ទោះសម័យណាក៏នៅតែជាខ្មែរដែរ”។
បើទោះបីជាតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស ចំរើន សុភ័ក្ដ្រ បានបង្ហោះរូបថតភ្ជាប់ពាក្យ និងពោលពាក្យដ៏គួរឲ្យទុកចិត្ដបែបនេះ ប៉ុន្ដែមានអ្នកគាំទ្រមួយចំនួនមិនទាន់ជឿថា Idol របស់ខ្លួនដល់គូនៅឡើយ ពោលគឺក្រោយឃើញ MV ថ្មី ក្រោមចំណងជើងថា “ប្ដីខ្ញុំល្អ” ទើបចេញនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដែងដោយកញ្ញា និងបុរសម្នាក់នោះផ្ទាល់។